វាសនាបុប្ផាភូមិបាក់ព្រា
ខែ ធ្នូ 29, 2007
ថ្ងៃនេះនាំអារម្មណ៍ប្រិយមិត្ត មកស្ដាប់ប្រវត្តិបទ កូនស្រីអ្នកនេសាទ ដូចដែលបានសន្យាទុក ។
បទចម្រៀងមួយបទដែល ធ្លាប់តែឮគេហៅថា វាសនាភូមិបាក់ព្រា ដែលមានឃ្លាផ្ដើមថា «ឱ! ភូមិបាក់ព្រា នាពេលសុរិយារៀបលិច…» បន្លឺដោយសម្លេងដ៏ពិរោះស្រងេះស្រងោចរបស់អ្នកស្រី រស់ សេរីសុទ្ធា នោះការពិតមានចំណងជើងដើមថា «កូនស្រី អ្នកនេសាទ» ។ ឯកសារនេះដកស្រង់ចេញពីសៀវភៅ កំណាព្យស្នេហ៍មាស របស់កវី គង្គ ប៊ុនឈឿន ។
តាមប្រវត្តិដើម ភូមិបាក់ព្រា ជាភូមិមួយនៅក្នុងឃុំកោះជីវ័ងខេត្តបាត់ដំបង ។ ជាចុងកាត់មាត់ញក ស្ថិតនៅលើផ្លូវទឹកទៅកាន់ពាមទន្លេសាប ។ កាលសម័យសង្គមរាស្ត្រនិយម មានទូកដរខ្លះបានដឹកអ្នកដំណើរតាំងពីភូមិព្រែកហ្លួង រហូតទៅ ដល់ភូមិបាក់ព្រានេះទៀតផង ក្រោយមកទើបមានទូកបំពាក់ម៉ាស៊ី ឬកាណូត ចុះឡើងរហូតដល់ព្រែកទាល់ទន្លេសាប ។
លោក ប៊ុនឈឿន បានសរសេរក្នុងសៀវភៅរបស់គាត់ថា កាលពីក្មេងធ្លាប់បានទៅលេងភ្លេងនៅក្នុងពិធីបុណ្យផ្កាប្រាក់នៅភូមិបាក់ព្រានេះ ហើយជាប់ចិត្តលើបុប្ផាមួយទង ដែលជាកូនស្រី អ្នកនេសាទនៅទីនោះ ក៏តាំងចិត្តកត់ត្រាទុកក្នុងបេះដូង នូវចម្រៀងមួយ ដើម្បីឧទ្ទិសដល់បេះដូងក្រមុំដ៏ស្រគត់ស្រគំនៃអ្នកស្រុកទន្លេ ដែលមានការរស់យ៉ាងឆ្ងាយពីអ្នកដីគោក ។
ដើមឡើយ Melodie របស់បទនេះ គ្រាន់តែកត់ត្រាទុកកក្នុងសៀវភៅកំណត់ហេតុប៉ុណ្ណោះ លុះដល់ឆ្នាំ ១៩៧៤ ទើបមានការរៀបចំទំនុកឡើងវិញ ហើយថតផ្សាយ ។ បទនេះបានធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នកស្រុកតំបន់បាក់ព្រាយ៉ាងខ្លាំង ក្រោយមកក៏ក្លាយជានិមិត្តរូប នៃខ្សែជីវិតពិតៗរបស់កុលាបភូមិបាក់ព្រា ដែលមានចារក្នុងរឿងប្រលោមលោកមួយទៀត ឈ្មោះ កូនស្រីអ្នកនេសាទ ។
លំហនៃទឹកដ៏ល្ហាចល្ហឹម ដែលមើលទៅហាក់ដូចជា ទន្លេទឹកភ្នែករបស់នារី ដែលមានចិត្តបរិសុទ្ធចំពោះសង្សារ តែហាក់គ្មានអ្នកអាចមើលឃើញនូវជម្រៅចិត្តរបស់នាងឡើយ ។ ផ្សាភ្ជាប់នឹងមនោសញ្ចេតនារបស់អ្នកចម្រៀង សេរីសុទ្ធា បានធ្វើឲ្យបទចម្រៀងដ៏មានអត្ថន័យនេះ ជះឥទ្ធិពលរំភើបពន់ពេកណាស់ ដល់អ្នកស្ដាប់ ព្រោះ អ្នកចម្រៀងយើងក៏ធ្លាប់មានអនុស្សាវរីយ៍ជាបុប្ផាបាក់ព្រា មួយទងដែរ…
សូមក្សាន្តអារម្មណ៍ពីចម្រៀង កូនស្រីអ្នកនេសាទ ដែលបទភ្លេង និងទំនុកច្រៀងដោយ គង្គ ប៊ុនឈឿន សម្រួលតន្ត្រីដោយ មែរ ប៊ុន ច្រៀងដោយ រស់ សេរីសុទ្ធា
ផ្ដល់អត្ថបទដើមដោយ រចនា
បទចម្រៀងពី khmerlyrics.com